ជំពូកទី៣ មេរៀនទី២ សរីរាង្គវិញ្ញាណ Flashcards
(83 cards)
1- តើសរីរាង្គវិញ្ញាណជាអ្វី?
ចំ: សរីរាង្គវិញ្ញាណ ជាសរីរាង្គដែលមានផ្ទុកកោសិកាធ្មួលដែលរួសទៅនឹងរំញោចខាងក្រៅ សម្រាប់ផ្តល់ព័ត៌មានទៅឲ្យខួរក្បាលឬខួរឆ្អឹងខ្នងតាមសរសៃប្រសាទវិញ្ញាណនាំ។
2-ចូរបកស្រាយពីគំហើញរបស់ភ្នែកទាំងពីរនិងនាទីរបស់ខួរក្បាល?
ចំ: បកស្រាយពីគំហើញរបស់ភ្នែកទាំងពីរនិងនាទីរបស់ខួរក្បាលៈភ្នែកឆ្វេងបញ្ជូនទៅខួរក្បាលនូវរូបភាពខុសគ្នាបន្តិចបន្តួចពីភ្នែកស្តាំ។ ខួរក្បាលចាប់យករូបភាពទាំងពីរហើយសំយោគបញ្ចូលគ្នាទៅជារូបភាពតែមួយ។ លក្ខណៈនេះផ្តល់នូវគំហើញនៃវិមាត្របីបែប ដែលអាចឲ្យយើងធ្វើការវិនិច្ឆ័យនូវប្រវែងនិងទំហំរបស់វត្ថុដែលយើងមើលឃើញ។
3-តើភ្នែកតែឯងអាចមើលឃើញដែរឬទេ? ហេតុអ្វី?
ចំ: ភ្នែកតែឯងមិនអាចមើលឃើញរូបភាពទេ ព្រោះភ្នែកគ្រាន់តែជាសរីរាង្គមួយចាប់យកពន្លឺ និងបំប្លែងជាព័ត៌មានហើយបញ្ជូនទៅខួរក្បាល។ ខួរក្បាលជាអ្នកបកស្រាយព័ត៌មាននេះទៅជាគំហើញ។
4-តើគ្រាប់ភ្នែកស្ថិតនៅកន្លែងណា? វាការពារដោយសារអ្វី?
ចំ: + គ្រាប់ភ្នែកស្ថិតនៅក្នុងប្រឡង់ភ្នែកក្នុងឆ្អឹងលលាដ៏ក្បាល
+ គ្រាប់ភ្នែកការពារដោយឆ្អឹងលលាដ៏ក្បាលលើកលែងតែផ្នែកខាងមុខ។
5-តើគ្រាប់ភ្នែកមានភ្នាសប៉ុន្មានស្រទាប់?អ្វីខ្លះ?
ចំ: គ្រាប់ភ្នែកមានភ្នាស3ស្រទាប់គឺៈ
- ស្រទាប់ក្លេរ៉ូទិច(ស្រទាប់ក្រៅ)
- ស្រទាប់កូរ៉ូអុីត (ស្រទាប់កណ្តាល)
- ស្រទាប់រេទីន(ស្រទាប់ក្នុង)
6-តើក្លេរ៉ូទិចជាអ្វី? វាមានលក្ខណៈនិងនាទីដូចម្តេច?
ចំ: + ក្លេរ៉ូទិចជាស្រទាប់ក្រៅបង្អស់នៃភ្នាសគ្រាប់ភ្នែក
+ ក្លេរ៉ូទិចមានព៌ណស ក្រាស់ រឹង ស្វិត។ នៅផ្នែកខាងមុខភ្នែកស្រទាប់ នេះប៉ោងថ្លាហៅថាករនេ ដែលមានលក្ខណៈកោងជាងទម្រង់គ្រាប់ ភ្នែកទាំងមូល។
+ ក្លេរ៉ូទិចមាននាទី ផ្តល់ទ្រង់ទ្រាយឲ្យគ្រាប់ភ្នែកនិងការពារផ្នែកខាងមុខភ្នែក។
7-តើករនេជាអ្វី? តើករនេមាននាទីដូចម្តេច?
ចំ: + ករនេកើតពីភ្នាសក្លេរ៉ូទិចដែលប៉ោងថ្លានៅផ្នែកខាងមុខភ្នែក វាមានរាងកោងជាងទម្រង់គ្រាប់ភ្នែកទាំងមូល។
+ ករនេមាននាទីពត់កាំរស្មីពន្លឺដែលចាំងចូលភ្នែកឲ្យរួមជួបជាមួយគ្នា នៅកន្លែងតែមួយលើរេទីន។
8-តើកូរ៉ូអុីតជាអ្វី? វាមាននាទីដូចម្តេច?
ចំ: + កូរ៉ូអុីតជាស្រទាប់កណ្តាលនៃភ្នាសគ្រាប់ភ្នែកហើយស្តើង សំបូរដោយសរសៃឈាមនិងជាតិពណ៍ត្នោតចាស់។
+ ភ្នាសកូរ៉ូអុីតមាននាទី:
- ជាតិពណ៍ត្នោតចាស់អាចបង្ការការជះត្រឡប់មកវិញនៃពន្លឺនៅក្នុងគ្រាប់ភ្នែក និងផ្តល់ពណ៍ដល់ប្រស្រីភ្នែកដូចជាពណ៍ត្នោត ខៀវ ប្រផេះ។
- សរសៃឈាមមាននាទីផ្គត់ផ្គង់សារធាតុចិញ្ចឹម O₂ ដល់ស្រទាប់រេទីន និងទ្រទ្រង់លំនឹងសីតុណ្ហភាពក្នុងភែ្នក។
9-តើអង្គស៊ីលីយែជាអ្វី? តើអង្គស៊ីលីយែមាននាទីដូចម្តេច?
ចំ: + អង្គស៊ីលីយែជាសាច់ដុំរលីងដែលស្ថិតនៅជុំវិញកែវភ្នែក។ វាកើតពីផ្នែកខាងមុខនៃស្រទាប់កូរ៉ូអុីត ដែលមានរាងជារង្វង់មូលនិងក្រាស់។
+ អង្គស៊ីលីយែមាននាទីរួមជាមួយសសរសៃចំនងទប់កែវភ្នែកឲ្យនៅចំកន្លែង ហើយត្រួតពិនិត្យរូបរាងកែវភ្នែកសម្រាប់គំហើញជិត និងគំហើញឆ្ងាយ។
10-តើប្រស្រីភ្នែកមានលក្ខណៈដូចម្តេចខ្លះ? តើប្រស្រីភ្នែកមាននាទីអ្វីខ្លះ?
ចំ: + ប្រស្រីភ្នែក កើតពីសាច់ដុំរលីងដែលមានផ្ទុកជាតិពណ៌។ ជាតិពណ៌នេះ ផ្តល់ពណ៌ដល់ប្រស្រីភ្នែកដែលមានពណ៌ត្នោត ខៀវ និងប្រផេះ។ នៅចំកណ្តាលប្រស្រីភ្នែកមានរន្ធចំហមួយហៅថា រន្ធប្រស្រីភ្នែក។
+ ប្រស្រីភ្នែកមាននាទីដូចដ្យាប្រាមរបស់ម៉ាស៊ីនថត វាជាសាច់ដុំដែល អាចធ្វើឲ្យរន្ធប្រស្រីភ្នែករីកឬរួមដោយប្រព័ន្ធស្វ័យប្រវត្តិក្រោមពន្លឺខ្លាំង ឬខ្សោយ។
11-តើរន្ធប្រស្រីភ្នែកជាអ្វី? តើរន្ធប្រស្រីភ្នែករីកឬរួមនៅពេលណា?
ចំ: + រន្ធប្រស្រីភ្នែកជារន្ធចំហមួយនៅចំកណ្តាលប្រស្រីភ្នែក។
+ រន្ធប្រស្រីភ្នែករីកធំពេលមានពន្លឺស្រទន់ អាចឲ្យពន្លឺចូលទៅក្នុងភ្នែកបានច្រើន។
+ រន្ធប្រស្រីភ្នែករួមតូចនៅពេលមានពន្លឺខ្លាំង គឺអាចឲ្យពន្លឺចូលទៅក្នុងភ្នែកបានតិច។
12-តើផ្នែកណានៃគ្រាប់ភ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក?
ចំ: ប្រស្រីភ្នែកជាផ្នែកមួយនៃភ្នាសគ្រាប់ភ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក ពីព្រោះប្រស្រីភ្នែកជាសាច់ដុំដែលអាចធ្វើឲ្យរន្ធប្រស្រីភ្នែករីកធំនិងរួមតូច។
+ នៅពេលពន្លឺស្រទន់ រន្ធប្រស្រីភ្នែករីកធំ អាចឲ្យពន្លឺចូលទៅក្នុងភ្នែកបានច្រើន។
+ នៅពេលពន្លឺខ្លាំង រន្ធប្រស្រីភ្នែករួមតូច អាចឲ្យពន្លឺចូលទៅក្នុងភ្នែកបានតិច។
13-តើរេទីនជាអ្វី? តើរេទីនមានលក្ខណៈដូចម្តេច?
ចំ: +រេទីនជាស្រទាប់ក្រោមបង្អស់នៃភ្នាសគ្រាប់ភ្នែក វាជាស្រទាប់កោសិកា ដែលរួសនឹងថាមពលពន្លឺ។
+រេទីនមានកោសិការួសនឹងពន្លឺពីរបែបគឺ កោសិកាកោននិងកោសិកាដំបង។ ក្រៅពីនេះមានស្នាមលឿង(ផូវា)ជាផ្នែករួសនឹងពន្លឺជាងគេ វាអាចធ្វើឲ្យយើងមើលឃើញពណ៌។ ឯចំណុចខ្វាក់ជាកន្លែងដែល សរសៃឈាមនិងសរសៃប្រសាទអុបទិចភ្ជាប់នឹងគ្រាប់ភ្នែក។ ចំនុចខ្វាក់គ្មានកោសិការួសនឹងពន្លឺទេ ហើយវាមិនផ្តល់ព័ត៌មានទៅខួរក្បាលដែរ។
14-តើរេទីនត្រូវបានភ្ញោចយ៉ាងដូចម្តេច?
ចំ: រេទីនមានកោសិការួសនឹងពន្លឺ គឺកោសិកាកោននិងកោសិកាដំបង នៅពេលពន្លឺប៉ះទៅនឹងកោសិកាកោននិងកោសិកាដំបង
វាបង្កើតបានជា អាំងភ្លុចប្រសាទហើយបញ្ជូនទៅខួរក្បាលតាមរយៈសរសៃប្រសាទអុបទិច។
15-តើរេទីនមាននាទីដូចម្តេច?
ចំ: រេទីនមាននាទីផ្ទុកកោសិកាធ្មួលរួសនឹងពន្លឺពីរបែបគឺកោសិកាកោននិង កោសិកាដំបង ដែលរ៉ាប់រងគំហើញពណ៌និងស-ខ្មៅ។
16-តើរេទីនមានលក្ខណៈពិសេសអ្វីខ្លះ?
ចំ:រេទីនមានលក្ខណៈពិសេស2យ៉ាងគឺៈ
-ផូវា ជាកំហូងតូចមួយដែលជាផ្នែករួសនឹងពន្លឺជាងគេហើយមាន សុទ្ធតែកោសិកាកោនដែលអាចឲ្យយើងមើលឃើញពណ៌។
-ចំណុចខ្វាក់ ជាកន្លែងដែលសរសៃឈាមនិងសរសៃប្រសាទ
អុបទិចភ្ជាប់នឹងគ្រាប់ភ្នែក ជាកន្លែងដែលគ្មានកោសិការួសនឹងពន្លឺទេ។ ដូចនេះ វាក៏មិនអាចផ្តល់ព័ត៌មានទៅខួរក្បាលដែរ។
17-តើរេទីនកើតពីស្រទាប់កោសិកាអ្វីខ្លះ? តើស្រទាប់កោសិកានីមួយៗមាននាទីអ្វីខ្លះ?
ចំ: រេទីនកើតពីស្រទាប់កោសិកា4ស្រទាប់
- ស្រទាប់កោសិកាជាតិពណ៌
- ស្រទាប់កោសិកាដំបងនិងកោន
- ស្រទាប់កោសិកាទ្វេប៉ូល
- ស្រទាប់កោសិកាកង់គ្លីយ៉ុង
+ កោសិកាដំបងៈ មាននាទីរួសនឹងពន្លឺខ្សោយដែលអាចឲ្យយើងមើលឃើញពណ៌ និងស-ខ្មៅ។ ឯកោសិកាកោនមាននាទីរួសនឹងពន្លឺខ្លាំង ដែលអាចញែកពណ៌ ផ្សេងៗបានព្រមទាំងរ៉ាប់រងនូវគំហើញលំអិតបាន។
+ កោសិកាទ្វេប៉ូលៈ មាននាទីភ្ជាប់និងបញ្ជូនអាំងភ្លុចប្រសាទពីកោសិកាធ្មួល(កោសិកាដំបងនិងកោន)ទៅកោសិកាកង់គ្លីយ៉ុង។
+ កោសិកាកង់គ្លីយ៉ុង តភ្ជាប់ពីកោសិកាទ្វេប៉ូលនិងបញ្ជូនអាំង
ភ្លុចប្រសាទ តាមសរសៃប្រសាទអុបទិចទៅខួរក្បាល។
18-តើកោសិកាកោននិងកោសិកាដំបងដូចគ្នានិងខុសគ្នាត្រង់ណាខ្លះ?
ចំ: កោសិកាកោននិងកោសិកាដំបងមានៈ
+លក្ខណៈដូច
- ជាណឺរ៉ូនស្ថិតនៅក្នុងស្រទាប់រេទីន
- ជាកោសិការួសនឹងពន្លឺ
- តភ្ជាប់ដោយកោសិកាទ្វេប៉ូល
\+លក្ខណៈខុសគ្នា •កោសិកាកោន - ដង់ទ្រីតមានទម្រង់ជាកោន - រួសនឹងពន្លឺខ្លាំងអាចញែកឲ្យឃើញពណ៌ខុសៗគ្នា - គំហើញពណ៌ - ផូវាមានសុទ្ធតែកោសិកាកោនតែក្រៅពីតំបន់ផូវា មានកោសិកាកោនតិចជាងកោសិកាដំបង •កោសិកាដំបង - ដង់ទ្រីតមានទម្រង់ជាដំបង - រួសនឹងពន្លឺខ្សោយ មិនអាចញែកឲ្យឃើញពណ៌ - គំហើញស-ខ្មៅ - ផូវាគ្មានកោសិកាដំបង តែក្រៅពីតំបន់ផូវាមានកោសិកាដំបង ច្រើនជាងកោសិកាកោន។
19-តើគំហើញសខ្មៅនិងពណ៌អាចកើតឡើងដោយសារធាតុអ្វី? តើសារធាតុនេះបង្កឡើងពីអ្វីខ្លះ? តើវាស្ថិតនៅកន្លែងណា?
ចំ: + គំហើញសខ្មៅនិងពណ៌អាចកើតឡើងដោយសារធាតុរ៉ូដុបស៊ីន។
+ រ៉ូដុបស៊ីនបង្កឡើងពីម៉ូលេគុលប្រូតេអុីនលាយជាមួយស្រឡាយវីតាមីនA (ជាតិពណ៌នៃស្រទាប់រេទីន ឬម៉ូលេគុលស្រូបពន្លឺ)។
+ សារធាតុរ៉ូដុបស៊ីននេះស្ថិតនៅក្នុងកោសិកាកោននិងកោសិកាដំបង។
20-ចូររៀបរាប់ពីការបង្កើតអាំងភ្លុចប្រសាទនៅក្នុងភ្នែក?
ចំ: ការបង្កើតអាំងភ្លុចប្រសាទនៅក្នុងភ្នែក: នៅលើកោសិកាកោននិងកោសិកាដំបង ម៉ូលេគុលប្រូតេអុីនផ្សំជាមួយជាតិពណ៌នៃស្រទាប់រេទីន បង្កើតបានជាម៉ូលេគុលរ៉ូដុបស៊ីន។ នៅពេលពន្លឺប៉ះនឹងកោសិកាកោននិងកោសិកាដំបង វាបំបែកសម្ព័ន្ធគីមីនៅក្នុងម៉ូលេគុលរ៉ូដុបស៊ីន។ ការបំបែកសម្ព័ន្ធគីមីនេះ បង្កើតបានអាំងភ្លុច
ប្រសាទដែលធ្វើដំណើរចេញពីកោសិកាកោននិងកោសិកាដំបងតាមសរសៃប្រសាទអុបទិចទៅកាន់ខួរក្បាល បន្ទាប់មកខួរក្បាលបកស្រាយអាំងភ្លុចប្រសាទទៅជាគំហើញ។
21-គេថាកង្វះជីវជាតិAបណ្តាលឲ្យកើតជម្ងឺខ្វាក់មាន់ ? ចូរពន្យល់ ?
ចំ: គេថាកង្វះជីវជាតិAបណ្តាលឲ្យកើតជម្ងឺខ្វាក់មាន់ ព្រោះជីវជាតិA ជាប្រភពផ្តល់នូវសារធាតុដែលជាស្រឡាយវីតាមីនA សម្រាប់ផ្សំជាមួយម៉ូលេគុលប្រូតេអុីន បង្កើតជាម៉ូលេគុលរ៉ូដុបស៊ីនដែលស្ថិតក្នុងកោសិកាកោននិងកោសិតាដំបង។ កោសិកាកោននិងកោសិកាដំបងទទួលខុសត្រូវគំហើញស-ខ្មៅក្នុងពន្លឺខ្សោយ។
22-តើកែវភ្នែកកើតឡើងពីអ្វី? តើកែវភ្នែកមានរូបរាងដូចម្តេច? តើកែវភ្នែកប្រភេទនេះហៅថាអ្វី?
ចំ: + កែវភ្នែកកើតឡើងពីសារធាតុទន់ អន្ធិល។
+ កែវភ្នែកក្រាស់នៅចំកណ្តាលនិងស្តើងនៅគែមសងខាង។
+ កែវភ្នែកប្រភេទនេះហៅថាកែវប៉ោង។
23-ក្នុងគ្រាប់ភ្នែក តើកែវភ្នែកស្ថិតនៅកន្លែងណា?
ចំ: ក្នុងគ្រាប់ភ្នែក កែវភ្នែកស្ថិតនៅក្រោយប្រស្រីភ្នែក វាភ្ជាប់ទៅនឹងអង្គស៊ីលីយែ ដោយសារសរសៃចំណង។
24-តើកែវភ្នែកមាននាទីដូចម្តេច?
ចំ: កែវភ្នែកមាននាទី ចាប់យកនិងរៀបចំកាំរស្មីពន្លឺដែលរាយប៉ាយហើយ ពត់កាំរស្មីពន្លឺទាំងនេះឲ្យជួបជាមួយគ្នាជាចំនុចប្រសព្វគ្នានៃពន្លឺបង្កើតជារូបភាពនៃវត្ថុនោះនៅលើស្រទាប់រេទីន។