ជំពូកទី៤ មេរៀនទី១ អាសុីតអាមីនេ Flashcards
(18 cards)
1-ហេតុអ្វីបានជាគ្រប់សកម្មភាពទាំងអស់របស់កោសិកាត្រូវការប្រូតេអុីនជាចាំបាច់?
ចំ: បានជាគ្រប់សកម្មភាពទាំងអស់របស់កោសិកាត្រូវការប្រូតេអុីនជាចាំបាច់ ព្រោះប្រូតេអុីនជាសារធាតុគីមីគ្រឹះនៃជីវិត។
2-តើអាស៊ីតអាមីនេជាអ្វី?តើអាស៊ីតអាមីនេនីមួយៗផ្សំពីធាតុអ្វីខ្លះ?
ចំ: + អាស៊ីតអាមីនេជាឯកតានៃធាតុបង្ករបស់ប្រូតេអុីន(ម៉ូណូមែ) វាមានលក្ខណៈពីរយ៉ាងគឺ បណ្ដុំកាបុកស៊ីល(-COOH) និងបណ្ដុំអាមីន(-NH2)។
+ អាស៊ីតអាមីនេនីមួយៗផ្សំពីធាតុ4យ៉ាងគឺC,H,OនិងN។
3-តើម៉ូលេគុលអាស៊ីតអាមីនេនីមួយៗផ្សំឡើងពីអ្វីខ្លះ? ចូរសរសេររូបមន្តទូទៅរបស់អាស៊ីតអាមីនេ?
ចំ: + ម៉ូលេគុលអាស៊ីតអាមីនេនីមួយៗផ្សំឡើងពីបណ្តុំកាបុកស៊ីល (-COOH), បណ្ដុំអាមីន (-NH2)និងរ៉ាឌីកាល់។
+សរសេររូបមន្តទូទៅរបស់អាស៊ីតអាមីនេ
R-CH-COOH
|
NH2
4-ចូរសរសេររូបមន្តទូទៅរបស់អាស៊ីតអាមីនេក្រោមទម្រង់លាតនិងស្ទើរ លាត?
ចំ: រូបមន្តស្ទើរលាត
R–CH–COOH
|
NH2
រូបមន្តលាត
H O
| ||
R–C–C–O–H
|
H–N–H
5-នៅកម្រិតPH=7 តើបណ្ដុំកាបុកស៊ីលនិងបណ្ដុំអាមីនបំបែកទៅជាអ្វី?
ចំ: នៅកម្រិតPH=7 បណ្ដុំកាបុកស៊ីលបំបែកទៅជាទម្រង់បាស
ឯបណ្ដុំអាមីន បំបែកទៅជាទម្រង់អាស៊ីត។
6-ចូរសរសេររូបមន្តរបស់អាស៊ីតអាមីនេនៅក្នុងមជ្ឈដ្ឋានណឺត (PH=7) មជ្ឈដ្ឋានអាស៊ីត (PH<7) មជ្ឈដ្ឋានបាស (PH>7)
ចំ: មជ្ឈដ្ឋានណឺត
NH3+ — CH — COO-
|
R
មជ្ឈដ្ឋានអាសុីត
NH3+ — CH — COOH
|
R
មជ្ឈដ្ឋានបាស
NH2 — CH — COO-
|
R
7-ហេតុអ្វីបានជាគេនិយាយថាអាស៊ីតអាមីនេមានលក្ខណៈជាអាស៊ីតផង និងជាបាសផង?
ចំ: បានជាគេនិយាយថាអាស៊ីតអាមីនេមានលក្ខណៈជាអាស៊ីតផងនិងជាបាសផង ព្រោះអាស៊ីតអាមីនេមានបណ្ដុំកាបុកស៊ីលផងនិងបណ្ដុំអាមីនផង។
8-ហេតុអ្វីបានជាគេនិយាយថាអាស៊ីតអាមីនេមាននាទីជាអ្នកនាំសារ?ចូររាប់ឲ្យបាន3?
ចំ: បានជាគេនិយាយថាអាស៊ីតអាមីនេមាននាទីជាអ្នកនាំសារព្រោះវាជាអ្នកបញ្ជូនព័ត៌មានប្រសាទ ហើយមានឥទ្ធិពលទៅលើនាទីរបស់កោសិកាគោលដៅឬកោសិកាសាច់ដុំ។
ឧ-គ្លីស៊ីន អាស៊ីតភ្លុយតាមិច សេរ៉ូតូនីន។
9- ក្រៅពីនាទីជាអ្នកនាំសារតើអាស៊ីតអាមីនេមាននាទីអ្វីខ្លះ?ចូររាប់ឲ្យបាន3?
ចំ: ក្រៅពីនាទីជាអ្នកនាំសារ អាស៊ីតអាមីនេមាននាទីសម្របសម្រួលនាទីរបស់កោសិកា ជាអ្នកដឹកនាំក្នុងមេតាបូលីសកោសិកា។
ឧ. អាកស៊ីនីន, ស៊ីទ្រុយលីន, អ័រនីទីនជាអាស៊ីតអាមីនេចូលរួមក្នុងវដ្តអ៊ុយរេ
10-ក្នុងកោសិកានៃសារពាង្គកាយមានអាស៊ីតអាមីនេមានប៉ុន្មានប្រភេទ? តើអាស៊ីតអាមីនេខុសគ្នាដោយសារអ្វី? ចូររកឧទាហរណ៍បញ្ជាក់?
ចំ: +ក្នុងកោសិកានៃសារពាង្គកាយមានអាស៊ីតអាមីនេមាន20ប្រភេទ។
+អាស៊ីតអាមីនេខុសគ្នាដោយសារ៉ាឌីកាល់R។
ឧ. គ្លីសុីន
H2N — CH — COOH
|
H
អាឡានីន
H2N — CH — COOH
|
CH3
11-ដូចម្តេចហៅថាអាស៊ីតអាមីនេគ្មានស្តង់ដា?
ចំ: អាស៊ីតអាមីនេគ្មានស្តង់ដាជាអាស៊ីតអាមីនេមាននាទីចាំបាច់ក្នុងមេតាបូលីស ប៉ុន្តែវាមិនមែនជាធាតុបង្ករបស់ប្រូតេអុីនទេ។
12-ដូចម្តេចហៅថាអាស៊ីតអាមីនេស្តង់ដា?
ចំ: អាស៊ីតអាមីនេស្តង់ដាអាស៊ីតអាមីនេទាំង20ប្រភេទដែលជាធាតុបង្កប្រូតេអុីន គឺវាមានក្រមសេនេទិចសម្រាប់កំណត់សំយោគប្រូតេអុីន។
13-ហេតុអ្វីបានជាគេនិយាយថាអាស៊ីតអាមីនេជាសារធាតុចំណូលទឹក?
ចំ: បានជាគេនិយាយថាអាស៊ីតអាមីនេជាសារធាតុចំណូលទឹកព្រោះវារលាយក្នុងទឹក ហើយអាចជ្រាបតាមភ្នាសកោសិកាបាន។
14-ដូចម្តេចហៅថាប៉ិបទីត?
ចំ: ប៉ិបទីត ជាបណ្តុំរវាងអាស៊ីតអាមីនេពីរឬច្រើន។
15-ដូចម្តេចហៅថាចំណងប៉ិបទីត?
ចំ: ចំណងប៉ិបទីត ជាសម្ព័ន្ធកូវ៉ាឡង់រវាងបណ្តុំកាបុកស៊ីលរបស់អាស៊ីតអាមីនេមួយ និងបណ្ដុំអាមីនរបស់អាស៊ីតអាមីនេមួយដោយបាត់បង់មួយម៉ូលេគុលទឹក។
16-តើអាស៊ីតអាមីនេពីរភ្ជាប់គ្នាដោយរបៀបណា?
ចំ: អាស៊ីតអាមីនេពីរភ្ជាប់គ្នាដោយបណ្ដុំកាបុកស៊ីលរបស់អាស៊ីតអាមីនេទីមួយភ្ជាប់ទៅនឹងបណ្ដុំអាមីនរបស់អាស៊ីតអាមីនេទីពីរដោយដកមួយម៉ូលេគុលទឹកចេញ។
17- តើចំណងប៉ិបទីតកើតឡើងរបៀបណា?ចូរសរសេររូបមន្តចំណងនេះ?
ចំ: + ចំណងប៉ិបទីតកើតឡើងពីបណ្តុំកាបុកស៊ីលរបស់អាស៊ីតអាមីនេមួយ និងបណ្ដុំអាមីនរបស់អាស៊ីតអាមីនេមួយទៀតដោយដកមួយម៉ូលេគុលទឹកចេញ។
+ រូបមន្តចំណង - CO - NH -
18-ហេតុអ្វីបានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់ និងនាទីរបស់ប្រូតេអុីន?
ចំ: បានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអុីន ព្រោះលំដាប់តម្រៀបអាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអុីនធ្វើឲ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាហើយទម្រង់នោះជាអ្នកកំណត់នាទីរបស់ប្រូតេអុីន។