ជំពូកទី៣ មេរៀនទី៣ ប្រព័ន្ធអង់ដូគ្រីន Flashcards
(75 cards)
1-តើប្រព័ន្ធអង់ដូគ្រីនជាអ្វី?
ចំ: ប្រព័ន្ធអង់ដូគ្រីនជាបណ្តុំក្រពេញអង់ដូគ្រីនទាំងអស់ព្រមទាំងសកម្មភាពរបស់អរម៉ូន ដែលវាបានបញ្ចេញ។
2- តើក្រពេញជាអ្វី? តើក្រពេញមានប៉ុន្មានប្រភេទ? អ្វីខ្លះ ?
ចំ: + ក្រពេញជាសរីរាង្គដែលកើតពីកោសិកាអេពីតេស្យូមវាមានឯកទេសកម្មក្នុងការ បញ្ចេញសារធាតុចាំបាច់សម្រាប់សារពាង្គកាយ។
+ ក្រពេញ មានពីរប្រភេទគឺ ក្រពេញអិចសូគ្រីននិង ក្រពេញអង់ដូគ្រីន។
3- ដូចម្តេចហៅថាក្រពេញអិចសូគ្រីន? តើក្រពេញអិចសូគ្រីនមានអ្វីខ្លះ?
ចំ: + ក្រពេញអិចសូគ្រីនជាក្រពេញដែលបញ្ចេញសារធាតុឬ រសរំលាយអាហាររបស់វា តាមបំពង់នាំទៅក្រៅសារពាង្គកាយ។
+ក្រពេញអិចសូគ្រីនមាន: ក្រពេញទឹកភ្នែក ក្រពេញញើស ក្រពេញទឹកដោះ ក្រពេញទឹកមាត់ ក្រពេញក្រពះ ក្រពេញពោះវៀនតូច ក្រពេញលំពែង ក្រពេញសេបូមនិង ក្រពេញភេទ។
4- ដូចម្តេចហៅថា ក្រពេញអង់ដូគ្រីន? តើក្រពេញអង់ដូគ្រីនមានអ្វីខ្លះ?
ចំ: + ក្រពេញអង់ដូគ្រីនជាក្រពេញដែលគ្មានបំពង់នាំវាបញ្ចេញអរម៉ូនចូលទៅក្នុងចរន្តឈាមដោយផ្ទាល់។
+ក្រពេញក្រពេញអង់ដូគ្រីនមានៈក្រពេញអុីប៉ូតាឡាមុស ក្រពេញអុីប៉ូភីស ក្រពេញទីរ៉ូអុីត ក្រពេញប៉ារ៉ាទីរ៉ូអុីត ក្រពេញលើតំរងនោម ក្រពេញទីមុស ក្រពេញក្រពះ ក្រពេញពោះវៀនតូច ក្រពេញលំពែង ក្រពេញភេទ។
5- ដូចម្តេចហៅថា ក្រពេញចំរុះ? តើក្រពេញ ចំរុះមានអ្វីខ្លះ?
ចំ: +ក្រពេញចំរុះជាក្រពេញដែលមាននាទីជាក្រពេញអង់ដូគ្រីនផងនិងជាក្រពេញអិចសូគ្រីនផង
+ ក្រពេញ ចំរុះមានៈ ក្រពេញលំពែង ក្រពេញភេទ, ក្រពេញក្រពះ ក្រពេញពោះវៀនតូច
- ប្រៀបធៀបក្រពេញអិចសូគ្រីន និងក្រពេញអង់ដូគ្រីន។
ចំ: +លក្ខណៈដូច
- ជាសរីរាង្គដែលកើតពីកោលសិកាអេពីតេ
ល្យូម
- វាមានឯកទេសក្នុងការបញ្ចេញសារធាតុចាំបាច់សម្រាប់សារពាង្គកាយ
+ លក្ខណៈខុសគ្នា
•ក្រពេញអិចសូគ្រីន
- មានបំពង់នាំ
- ផលិតរសរំលាយអាហារ សំណល់មេតាបុលីស សារធាតុផ្សេងៗ
- មានអំពើលើសារធាតុណាមួយក្នុង លំហនៃសរីរាង្គ ឬចេញក្រៅសារពាង្គកាយ
- បញ្ចេញសារធាតុ ឬ រសរំលាយអាហារតាមបំពង់នាំឈាម
•ក្រពេញអង់ដូគ្រីន
- គ្មានបំពង់នាំ
- ផលិតអរម៉ូន
- មានឥទ្ធិពលទៅលើកោសិកាគោលដៅ
- បញ្ចេញអរម៉ូនទៅក្នុងចរន្តឈាមដោយផ្ទាល់
- តើអរម៉ូនជាអ្វី?
ចំ: អរម៉ូនជាសារធាតុគីមីដែលផលិតចេញពីកោសិកាក្រពេញអង់ដូគ្រីនដោយដឹកនាំតាមឈាម ហើយមានអំពើទៅលើកោសិកាគោលដៅ។
8-ដូចម្តេចហៅថាកោសិកាគោលដៅ?
ចំ: កោសិកាគោលដៅជាកោសិកាដែលមានម៉ូលេគុលធ្មួលដែលរួសទៅនឹងការភ្ជាប់ជាមួយអរម៉ូនយថាប្រភេទដែលអាចឆ្លើយតបទៅនឹងអរម៉ូននោះ។
9-តើអរម៉ូនមានឥទ្ធិពលទៅលើសារពាង្គកាយទាំងមូលដែរឬទេ ? ចូរឲ្យឧទាហរណ៍ បញ្ជាក់?
ចំ: អរម៉ូនពុំមានឥទ្ធិពលទៅលើសារពាង្គកាយទាំងមូលទេវាមានឥទ្ធិពលនៅកន្លែងផ្សេងៗក្នុងសារពាង្គកាយដែលត្រូវការវាតែប៉ុណ្ណោះហើយក៏គ្មានឥទ្ធិពលនៅកន្លែង បញ្ចេញដែរ។
ឧ-ជញ្ជក់ដោះម្តាយរបស់ទារកបានភ្លោចក្រពេញអីប៉ូភីសក្រោយឲ្យបញ្ចេញអរម៉ូនអុកស៊ីតូស៊ីន ធ្វើដំណើរទៅភ្លេចកោសិកាសាច់ដុំជុំវិញក្រពេញដោះឲ្យបញ្ចេញទឹកដោះ។
10-ហេតុអ្វីបាន ជាអរម៉ូនភ្ញោចតែកោសិកាគោលដៅ?
ចំ: បានជាអរម៉ូនភ្ញោចតែកោសិកាគោលដៅ ព្រោះកោសិកាគោលដៅមានម៉ូលេគុលធ្មួលនៅលើភ្នាសកោសិកាឬក្នុងស៊ីតូប្លាស។ ធ្មួលកោសិកាគោលដៅមានទម្រង់ត្រូវគ្នានឹង ទម្រង់របស់អរម៉ូនដែលបង្កើតបានជាសារធាតុចម្រុះធ្មួលអរម៉ូន។ សារធាតុនេះធ្វើឲ្យកោសិកាគោលដៅអាចឆ្លើយតបទៅនឹងអំពើរបស់អរម៉ូន។
11-ក្នុងប្រព័ន្ធអង់ដូគ្រីន តើគេចែកអរម៉ូនជាប៉ុន្មានក្រុម? តើក្រុមអរម៉ូននីមួយៗមាន លក្ខណៈដូចម្តេច?
ចំ: ក្នុងប្រព័ន្ធអង់ដូគ្រីនគេចែកអរម៉ូនជា ពីរក្រុមគឺ អរម៉ូនប៉ិបទីតនិងអរម៉ូនស្តេរ៉ូអុីត។
+ អរម៉ូនប៉ិបទីត: ជាប្រតេអុីនធំកើតពីច្រវ៉ាក់នៃអាស៊ីតអាមីនេ។ អរម៉ូននេះមិនអាចឆ្លងកាត់ភ្នាសកោសិកាបានទេព្រោះវាមិនអាចរលាយនៅក្នុងលីពីតដែលមានវត្តមាននៅ ក្នុងភ្នាសកោសិកា។
+ អរម៉ូនស្តេរ៉ូអុីត: ជាលីពីតមានម៉ូលេគុលតូចៗដែលត្រូវបានផលិត ឡើងពីកូឡេស្តេរ៉ូល។ អរម៉ូននេះមានលទ្ធភាពអាចឆ្លងកាត់ភ្នាសកោសិកាបានព្រោះវាជាម៉ូលេគុល តូចៗរលាយក្នុងលីពីត។
12-តើអរម៉ូនប៉ិបទីតមានអំពើទៅលើ កោសិកាគោលដៅដូចម្តេចខ្លះ?
ចំ: អរម៉ូនប៉ិបទីតមានអំពើទៅលើកោសិកាគោលដៅដោយអរម៉ូននេះ អាចភ្ជាប់ទៅនឹងម៉ូលេគុលធ្មួលដែលនៅលើភ្នាសកោសិកា។ ចំណងភ្ជាប់រវាងអរម៉ូនប៉ិបទីតជាមួយម៉ូលេគុលធ្មួលធ្វើឲ្យមានការភ្ជាប់ប្រូតេអុីន G ហើយធ្វើឲ្យអង់ស៊ីមអាដេនីលស៊ីក្លាស ដែលភ្ជាប់លើផ្ទៃខាងក្នុងនៃភ្នាសកោសិកាសកម្មឡើង។ បន្ទាប់មកអង់ស៊ីមអាដេនីលស៊ីក្លាស បង្កើនល្បឿនបំប្លែងATP វដ្តទៅជាAMPវដ្ត។ AMPវដ្តចេញពីភ្នាសកោសិកា សាយចូលក្នុងស៊ីតូប្លាសនៃកោសិកាគោលដៅ។បន្ទាប់មកវាចងភ្ជាប់ជាមួយអង់ស៊ីម ផ្សេងៗទៀតធ្វើឲ្យអង់ស៊ីមទាំងនោះសកម្មឡើងហើយភ្ញោចកោសិកាគោលដៅឲ្យធ្វើសកម្មភាពឬបង្អាក់សកម្មភាពផ្សេងៗ ដែលជាការឆ្លើយតបរបស់កោសិកាគោលដៅ។
13-តើអរម៉ូនស្តេរ៉ូអុីតមានអំពើទៅលើកោសិកាគោលដៅ ដូចម្តេចខ្លះ?
ចំ: អរម៉ូនស្តេរ៉ូអុីតបានឆ្លងកាត់ភ្នាសកោសិកាចូលទៅក្នុងស៊ីតូប្លាស។ អរម៉ូនបានភ្ជាប់ទៅនឹងធ្មួលនៅក្នុងស៊ីតូប្លាសកោសិកាបង្កើតបានជាម៉ូលេគុលចម្រុះធ្មួលអរម៉ូន។ បន្ទាប់មកម៉ូលេគុលចម្រុះធ្មួលអរម៉ូននេះក៏ចូលទៅក្នុងណ្វៃយ៉ូនៃកោសិកាគោលដៅ ដើម្បីភ្ញោចសែន យថាប្រភេទមួយឲ្យចម្លងក្រមជាARNm ។ ARNm ចេញពីណ្វៃយ៉ូទៅក្នុងស៊ីតូប្លាសហើយដឹកនាំការសំយោគ ប្រូតេអុីនយថាប្រភេទមួយ ដែលជាការឆ្លើយតបរបស់កោសិកាគោលដៅ។
14-ហេតុអ្វីបានជាអរម៉ូនប៉ិបទីតមិនអាចឆ្លងកាត់ភ្នាសកោសិកាបាន?
ចំ: បានជាអរម៉ូនប៉ិបទីតមិនអាចឆ្លងកាត់ភ្នាសកោសិកាបានព្រោះអរម៉ូននេះជាម៉ូលេគុលធំហើយមិនអាចរលាយនៅក្នុងលីពីតដែលជាសមាសធាតុរបស់ភ្នាសកោសិកា។
15-ហេតុអ្វីបានជាអរម៉ូនស្តេរ៉ូអុីតអាចឆ្លងកាត់ភ្នាសកោសិកាបាន?
ចំ: បានជាអរម៉ូនស្តេរ៉ូអុីតអាចឆ្លងកាត់ភ្នាសកោសិកាបានព្រោះអរម៉ូននេះជាម៉ូលេគុលលីពីតតូចៗ ដែលអាចរលាយនៅក្នុងស្រទាប់លីពីតនៃភ្នាសកោសិកាបាន។
16-ចូរឲ្យឧទាហរណ៍ចលនការនៃអំពើរបស់អរម៉ូនប៉ិបទីតមួយប្រភេទទៅលើកោសិកាគោលដៅ?
ចំ: ឧទាហរណ៍អរម៉ូនអាដ្រេណាលីនក្រោយពីចេញពីក្រពេញខួរលើតំរងនោមវាចូលទៅក្នុងចរន្តឈាមហើយទៅភ្ជាប់ជាមួយធ្មួលនៅលើភ្នាសកោសិកាថ្លើមបណ្តាលឲ្យមានកំណើនម៉ូលេគុលAMPវដ្ត កំណើននេះធ្វើឲ្យអង់ស៊ីមសកម្មឡើងដើម្បីបំបែកគ្លីកូសែនឲ្យទៅជាគ្លុយ
កូស បន្ទាប់មកបញ្ចេញគ្លុយកូសទៅក្នុងចរន្តឈាម។
17-ចូរឲ្យឧទាហរណ៍ចលនការនៃអំពើរបស់អរម៉ូនស្តេរ៉ូអុីតមួយប្រភេទទៅលើ កោសិកា គោលដៅ?
ចំ: ឧទាហរណ៍អរម៉ូនតេស្តូស្តេរ៉ូនបានដឹកនាំតាមចរន្តឈាមហើយបានឆ្លងកាត់ភ្នាសកោសិកាសាច់ដុំដែលជាកោសិកាគោលដៅ។ នៅក្នុងស៊ីតូប្លាសអរម៉ូនបានភ្ជាប់នឹងធ្មួលបង្កើតជាសារធាតុចម្រុះធ្មួល អរម៉ូននេះរួចចូលទៅ ក្នុងណ្វៃយ៉ូ។ អរម៉ូនតេស្តូស្តេរ៉ូនបានភ្ញោចសែនមួយឲ្យសកម្មឡើងដើម្បីសំយោគARNm។ ARNmចេញពីណៃ្វ យ៉ូទៅក្នុងស៊ីតូប្លាសហើយដឹកនាំការសំយោគប្រូតេអុីន យថាប្រភេទមួយ។
18-តើម៉ូលេគុលAMPវដ្ត(AMPC)ជាអ្វី?
ចំ: ម៉ូលេគុលAMPវដ្តជាម៉ូលេគុលនុយក្លេអូទីតអាដេណូស៊ីនម៉ូណូផូស្វាតវដ្ត។ វាមាននាទីជាអ្នកនាំសារទី២ នៅក្នុងស៊ីតូប្លាសនៃ កោសិកាគោលដៅ។
19-ចូរប្រៀបធៀបអរម៉ូនប៉ិបទីតនិងអរម៉ូនស្តេរ៉ូអុីត?
ចំ: + លក្ខណៈដូចគ្នា
- ជាសារធាតុដែលផលិតចេញពីក្រពេញអង់ដូគ្រីន
- ជាអ្នកនាំសារគីមីដឹកនាំតាមឈាម
- ភ្ជាប់ទៅនឹងធ្មួលកោសិកាគោលដៅ។
- បំប្លែងនាទីកោសិកាគោលដៅ។
- មានឥទ្ធិពលឬភ្ញោចកោសិកាគោលដៅ។
- មានអំពើដោយឆ្លងកាត់ជាដំណាក់ៗរហូតដល់កោសិកាគោលដៅឆ្លើយតប។
\+ លក្ខណៈខុសគ្នា • អរម៉ូនប៉ិបទីត - រលាយក្នុងទឹក - ជាម៉ូលេគុលនៃច្រវ៉ាក់អាស៊ីតអាមីនេ - មិនអាចឆ្លងកាត់ភ្នាសកោសិកាបាន - ភ្ជាប់ទៅនឹងធ្មួលយថាប្រភេទនៅលើភា្នសស៊ីតូប្លាស - ធ្វើសកម្មភាពលឿន - មានឥទ្ធិពលលើកោសិកាគោលដៅរយៈពេលខ្លី - សកម្មភាពកើតឡើងនៅក្នុងស៊ីតូប្លាស - ផលរបស់វាផ្តល់AMPC • អរម៉ូនស្តេរ៉ូអុីត - មិនរលាយក្នុងទឹក - ជាម៉ូលេគុលលីពីត - អាចឆ្លងកាត់ភ្នាសកោសិកាបាន - ភ្ជាប់ទៅនឹងធ្មួលយថាប្រភេទនៅក្នុងភ្នាសកោសិកា - ធ្វើសកម្មភាពយឺត - មានឥទ្ធិពលលើកោសិកាគោលដៅ រយៈពេលយូរ - សកម្មភាពកើតឡើងនៅក្នុងណ្វៃយ៉ូនិង ស៊ីតូប្លាស - ផលរបស់វាមិនផ្តល់AMPCទេ
20-តើក្រពេញអង់ដូគ្រីនសំយោគអរម៉ូននៅពេលណា? តើបរិមាណអរម៉ូនប្រែប្រួលដោយសារអ្វី?
ចំ: + ក្រពេញអង់ដូគ្រីនសំយោគអរម៉ូននៅពេលដែលសារពាង្គកាយត្រូវការវា ហើយសារពាង្គកាយត្រូវការអរម៉ូនក្នុងបរិមាណតិចតួចនិងមានបរិមាណថេរជានិច្ច។
+ បរិមាណអរម៉ូនប្រែប្រួលដោយសារការប្រែប្រួលនៃបរិមាណអុីយ៉ុងឬសារធាតុចិញ្ចឹមនៅក្នុងមជ្ឈដ្ឋានកោសិកាដែលបញ្ជាចេញពីប្រព័ន្ធប្រសាទនិងពីអរម៉ូនផ្សេងៗ។
21-បើសារពាង្គកាយមានបរិមាណអរម៉ូនច្រើនឬតិចជាងបរិមាណកំណត់តើសារពាង្គកាយកើតមានបញ្ហាអ្វីដែរ?
ចំ: បើសារពាង្គកាយមានបរិមាណអរម៉ូនច្រើនឬតិចជាងបរិមាណកំណត់នោះសារពាង្គកាយមានដំណើរការមិនប្រក្រតីដែលធ្វើឲ្យសារពាង្គកាយមានជម្ងឺហើយអាចធ្ងន់ធ្ងរ។
22-តើសកម្មភាពរបស់ក្រពេញអង់ដូគ្រីនត្រូវបានត្រួតពិនិត្យដោយអ្វី?
ចំ: សកម្មភាពរបស់ក្រពេញអង់ដូគ្រីនត្រូវបានត្រួតពិនិត្យដោយចលនការតំណបត្រឡប់អវិជ្ជមាន។
23-តើតំណបត្រឡប់អវិជ្ជមានមាននាទីអ្វី ?
ចំ: ការត្រួតពិនិត្យត្រឡប់អវិជ្ជមានមាននាទីថែរក្សាថេរលំនឹងនៃមជ្ឈដ្ឋានក្នុងសារពាង្គកាយ។
24-តើតំណបត្រឡប់អវិជ្ជមានជាអ្វី? ចូរបកស្រាយពីសកម្មភាពតំណបត្រឡប់អវិជ្ជមានរបស់អរម៉ូន ADH ?
ចំ: + តំណបត្រឡប់អវិជ្ជមានជាកំណើននៃសារធាតុមួយហើយបង្អាក់ដំណើរការដែល ដឹកនាំឲ្យមានកំណើននោះ។
+ សកម្មភាពរបស់អរម៉ូន ADHទាក់ទងទៅនឹងកំហាប់ឈាម៖
កោសិកាណឺរ៉ូនបញ្ចេញនៅក្នុងអុីប៉ូតាឡាមុសផលិតអរម៉ូនADHនិងអុកស៊ីតូស៊ីន ដែលត្រូវបានស្តុកទុកនៅផ្នែកខាងចុងនៃអាក់សូនក្នុងអុីប៉ូភីសក្រោយរហូតដល់ពេលវាត្រូវបញ្ចេញ។ នៅពេលកោសិកាណឺរ៉ូនបញ្ចេញនៅក្នុងអុីប៉ូតាឡាមុសកំណត់ បានថាឈាមខាប់ពេកADHត្រូវបានបញ្ចេញពីអីប៉ូភីសក្រោយទៅក្នុងចរន្តឈាម។ អរម៉ូនADHភ្ញោចបំពង់ប្រមូលផ្តុំក្នុងតម្រងនោមធ្វើឲ្យទឹកជ្រាបចេញវិញទៅក្នុងឈាម។ នៅពេលឈាមត្រឡប់ជារាវវិញបង្អាក់ការបញ្ចេញអរម៉ូន ADH។ ដូចនេះការបញ្ចេញអរម៉ូនADHត្រូវបានត្រួតពិនិត្យដោយតំណបត្រឡប់អវិជ្ជមាន។